ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសគាំទ្ររាល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេស គម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាវិមានសន្តិភាព។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១៦។
សម្ដេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០២៥ នេះគឺជាខួបទី១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ដោយសម្ដេចបានចាត់ទុកលោក ស៊ី ជីនពីង ថាជាមិត្តចាស់ មិត្តធំបំផុត ជាទីទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា និងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។

សម្តេចតេជោ ក៏បានលើកឡើងអំពីតួនាទីរបស់ចិន ដែលសម្ដេចបានកោតសរសើរចំពោះមុខលោក ប្រធានាធិបតីចិនថា តួនាទីរបស់ចិន គឺតួនាទីស្ថាបនា និងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ហើយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល គំនិតផ្ដួចផ្ដើមសន្តិសុខសាកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សាកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សាកល អភិវឌ្ឍន៍សកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ របស់អង្គការ សហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានស្នើឲ្យភាគីចិនបន្តគាំទ្រនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេស ដោយសម្ដេចបានមានប្រសាសន៍លើកឡើងឱ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងនូវមិត្តភាពបន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ប្រទេសទាំងសងខាង។

ជាការឆ្លើយតប លោក ស៊ី ជីនពីង បានលើកឡើងថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។ លោកបន្តទៀតថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្ដុះបណ្ដាលនូវធនធានមនុស្ស ទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានក្នុងរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការអភិវឌ្ឍនក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់លោក ស៊ី ជីនពីង ចំពោះការគាំទ្រព្រែកជីកហ្វូណន តេជោនេះដែរ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដោយសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតី ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមជម្រាបជូនថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ នឹងត្រូវសាងសង់ជា ២កំណាត់។គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។គម្រោងនេះ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។គម្រោងនេះ នឹងត្រូវចំណាយទុនប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ៕

