របាយការណ៍ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់)។


របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។
បើតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល០៣ថ្ងៃនោះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖ រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់។
សូមបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។



ជាក់ស្តែង រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅ តាមផ្លូវថ្មើរជើងមាត់ទន្លេ, ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ, ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម។ ដែលបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត របស់ខ្លួន ចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។
ក្រសួងទេសចរណ៍ ក៏បានគូសបញ្ជាក់ថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា៕


