កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងបង្កើនសកម្មភាពសមយុទ្ធយោធា

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយជំនួបទ្វេភាគីនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពិសេសពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងបង្កើនសកម្មភាពសមយុទ្ធយោធា នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្រាប់វិស័យការពារជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែលម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។

គួរបញ្ជាក់ថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានជំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងយោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។

ជាក់ស្ដែង កងទ័ពប្រទេសទាំងពីរ កន្លងមក បានបង្កើតឱ្យមានសមយុទ្ធរួមគ្នាជាច្រើន ក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាយោធា ក្នុងនោះមានសមយុទ្ធនាគមាស ដែលបានធ្វើឡើង ៦លើកកន្លងមក ចាប់តាំងពីឆ្នាំ២០១៦ ហើយកំពុងពង្រីកកាន់តែធំឡើងៗ និងសមយុទ្ធសុខាភិបាលយោធារួមគ្នា ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ជាដើម។

កាលពីឆ្នាំ២០២៤ «សមយុទ្ធនាគមាស» ត្រូវបានពង្រីកវិសាលភាពបន្ថែមការហ្វឹកហ្វឺននៅលើគោកដោយបន្តធ្វើនៅលើទឹកថែមទៀត ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ហើយ សមយុទ្ធនាគមាស ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងកាន់តែធំជាងបណ្តាឆ្នាំមុនៗថែមទៀត ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងមុន ដើម្បីឱ្យស្របទៅនឹងទំហំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។

សូមជម្រាបថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ថែមពីនេះ លោកបានជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា៕