ចិន គាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ក្នុងការជ្រើសរើសឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្ដិការនយោបាយ កម្ពុជា ចិន បានទទួលស្គាល់ពីសារៈ នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។

ប្រទេសកម្ពុជា និងចិនបានបង្ហាញពីបំណងរួម ក្នុងការលើកកម្ពស់ការផ្លាសប្តូរជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។

ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។

ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ៕