លោក ស៊ី ជីនពីង ប្រកាសជំហរគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យខ្លាំងថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជាថ្មីថា ចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងខេត្តព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែខ្លាំងថែមទៀត សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងបែបនេះ ត្រូវបានបង្ហាញឡើងតាមរយៈសេចក្តីប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុង ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោផងដែរ។

ជាងនេះទៀត ចិន ក៏បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្ត បន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការ វិនិយោគ និងការសម្របសម្រួល។

ក្រៅពីនេះ ភាគីចិន ក៏បានឯកភាពជាមួយកម្ពុជា ថានឹងបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។

សូមរម្លឹកដែរថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន ក៏បានជំរុញដល់ការរីកចំរើនយ៉ាងខ្លាំងលើការវិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្លឹកសន្ធាប់ ក្នុងនោះទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិកផងដែរ៕ អត្ថបទ៖ ហ្សាលីន