ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២ ៧៥២ ៨១៨នាក់ ដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈ៣ថ្ងៃ។នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាបដែលផ្សាយចេញនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ៧៥២ ៨១៨ នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរបរទេសប្រមាណ ចំនួន ១២ ៨១៨ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២ ៧៤០ ០០០នាក់។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍ដែលមិនឱ្យមានការកកស្ទះយូរ និងបានការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្អាតអនាម័យ បរិស្ថានដែលបានចំណាយពេលវេលា និងយកអស់កម្លាំងកាយចិត្តក្នុងការសម្អាតអនាម័យបរិស្ថាន និងបានដឹកយកកាកសំណល់ចេញទាន់ពេលវេលា ដែលធ្វើឱ្យអនាម័យបរិស្ថានក្នុងព្រឹត្តិកា រណ៍អង្គរសង្ក្រាន្តមានសភាពស្អាតល្អផងដែរ៕ អត្ថបទ៖ ហ្សាលីន

