ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញដំណើរនិវត្តន៍ចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១១ និង១៧នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យត្រចេះត្រចង់រយៈពេល២ថ្ងៃ។ ដំណើរនិវត្តន៍នេះជូនដំណើរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងមន្រ្តី សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ២ថ្ងៃនៅកម្ពុជា(ថ្ងៃទី១៧ដល់១៨ ខែមសា) ឆ្នាំ២០២៥ លោក ស៊ី ជីនពីង បានចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ លោកក៏បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។


ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក ស៊ី ជីនពីង បានបង្ហាញក្តីរំភើបចំពោះដំណើរទស្សនកិច្ចរបស់លោក ជាពិសេសបានជួបមិត្តចាស់គឺសម្តេចតេជោ និងបានប្រកាសគាំទ្ររាល់កិច្ចអភិវឌ្ឍន៍កម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់។
មេដឹកនាំចិនកំពូលរូបនេះបានអះអាងថា ភាគីចិន នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជា ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្តុះបណ្តាលធនធានមនុស្សទាំងធនធានមនុស្សនៅក្នុងបក្សប្រជាជនកម្ពុជា និងធនធានមនុស្សនៅក្នុងរាជរដ្ឋាភិបាល ដើម្បីជាចំណែកចូលរួមកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក ស៊ី ជីនពីង រួមជាមួយសម្តេចធិបតី ក៏បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើឯកសារចំនួន៣៧រវាងកម្ពុជា-ចិន បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលទស្សនកិច្ចផ្លូវរដ្ឋ របស់ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥត ងាករចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរផងដែរ។

ដំណើរទស្សនកិច្ចនេះ ក៏បានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន កម្ពុជា និងចិន បានពិភាក្សាគ្នាលើបញ្ហាជាច្រើនរួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, សន្តិសុខមនុស្សជាតិ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕










