លោក តូច ប៊ុនហួរ៖ បើប្រៀបធៀបរយៈពេល៥ឆ្នាំចុងក្រោយ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ

សង្គម​ និង​សេដ្ឋកិច្ច

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋលេខាធិការបានឱ្យដឹងបែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីមួយចំនួនក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរនេះ លោក បានឱ្យដឹងថា  នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់។

លោកបន្តថា បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។

ដោយឡែក ចំពោះបញ្ហាប្រឈម ដោយសារតែមានភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់ និងខូចជ្រុះក្តឹបនិងផ្កាចន្ទីដែលទើបនឹងចេញវគ្គចុងក្រោយនេះ (ប្រភេទពូជ M23)។

បើតាមលោករដ្ឋលេខាធិការ តាមការវាយតម្លៃនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាចថយចុះ។ ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង  ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន កើនឡើង ២៦,៨ភាគរយ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅជាង ៨១ ម៉ឺនតោន កើនឡើង២១% និងទទួលបានចំណូល ១ ១៥០លានដុល្លារ កើនឡើង២៦.១៥%។

លោក តូច ប៊ុនហួរ ធ្លាប់បានអះអាងថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសអធិរាជស្វាយចន្ទីលើពិភពលោកយ៉ាងពិតប្រាកដ។ដោយលោកបានគូសបញ្ជាក់ថា ដោយសារ «កម្មវិធីគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី២០២២-២០២៧ បានកំណត់ថាឆ្នាំ២០២៧ ឱ្យកែច្នៃស្វាយចន្ទីឱ្យបានយ៉ាងតិច២៥ភាគរយ ប៉ុន្តែបើក្រឡេកមើលរយៈពេល៣ឆ្នាំចុងក្រោយនេះ ២០២២, ២០២៣, ២០២៤ ឃើញថាមានការវិនិយោគទៅលើការកែច្នៃច្រើន រហូតមកដល់ពេលនេះគឺស្ទុះបាន១០ភាគរយ៕