ខេត្តកំពង់ធំ ប្តេជ្ញាជំរុញការដាំដុះស្វាយចន្ទី ដើម្បីធានាការផ្គត់ផ្គង់ផលិតផលស្របតាមតម្រូវការទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញពីការប្តេជ្ញារបស់ខ្លួន ក្នុងការជំរុញដំណាំស្វាយចន្ទី ដើម្បីធានាការផ្គត់ផ្គង់ផលិតផលស្របតាមតម្រូវការទីផ្សារឱ្យកាន់តែប្រសើរថែមទៀត។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២៥​ ដឹកនាំដោយលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង លើកយកនៅបញ្ហាប្រឈម និងសំណូមពរ ដើម្បីឱ្យការដាំដុះស្វាយចន្ទី ទទួលបានទិន្នផលកាន់តែខ្ពស់បន្ថែមទៀត។

នាឱកាសនោះ លោក ងួន រាសី បានលើកឡើងថា វិធានការមួយចំនួនដែរល្អបំផុត ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើនទៀតនោះគឺ ការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ព្រមទាំងការជំរុញការប្រើប្រាស់ពូជមាន គុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ និងធន់ននឹងលក្ខខណ្ឌមិនសមប្រកបនានា។

លោក ងួន រាសី បន្ថែមទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើប និងជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីកាត់បន្ថយតម្លៃដើម និងធានាការផ្គត់ផ្គង់ផលិតផលស្របតាមតម្រូវការទីផ្សារ។ លើសពីនេះ លោកថា ការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុត។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលបានចំនួន ១៨ ១៩៥តោន ក្នុង ១ ឆ្នាំ៕ អត្ថបទ៖ ហ្សាលីន