សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នាពេលខាងមុខនេះ នាវាចម្បាំងវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិក នឹងចូលសំចតនៅកំពង់ផែរាម បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេ ក្រោយកំពង់ផែរាមត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលកន្លងទៅថ្មីៗនេះ។

សម្តេចធិបតីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «នៅថ្ងៃទី១៩ នាវាជប៉ុនកងទ័ពជើងទឹកបានចូលមក យើងសហប្រតិបត្តិការសន្តិសុខជាមួយគ្រប់ប្រទេសទាំងអស់ មិនថា ចិន សូម្បីតែជប៉ុនក៏យើងចូលមកស្វាគមន៍ដូចគ្នា តិចទៀតដែលដាក់ពាក្យមកមានពី វៀតណាម ឥណ្ឌា រុស្ស៉ី ត្រូវចូលមកផែនឹងទៀត ចឹងពេលដែលយើងធ្វើហើយកាន់តែរវល់ហើយ ខាងអាមេរិកក៏គិតថាមកទៀតដែរយើងស្វាគមន៍ទាំងអស់ នេះគឺជាជំហជាក់ស្ដែងរបស់យើង»។

សូមជម្រាបជូនថា នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមូលដ្ឋានសមុទ្ររាមនេះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ ដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី បានគូសបញ្ជាក់ថា មិនមែនកម្ពុជាលើកប្រទេសទាំងមូល ទាំងកងកម្លាំងប្រដាប់អាវុធ តាំងពីថ្នាក់ក្រោមជាតិ ទៅដល់ថ្នាក់ជាតិឲ្យចិនគ្រប់គ្រង ដូចគេនិយាយនោះទេ។ ទន្ទឹមនេះ គោលនយោបាយការបរទេសរបស់កម្ពុជាគឺ ប្រកាន់យកឯករាជ្យភាព ធ្វើមិត្តគ្រប់ប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវនោះឡើយ។