វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាវៀតណាមជាង ៤០នាក់ បានរួមគ្នាជួយសង្គ្រោះជីវិតស្ត្រីមានផ្ទៃពោះកម្ពុជាម្នាក់ ដែលហូរឈាមមិនឈប់ ដោយសារជំងឺដ៏កម្រមួយ

សង្គម​ និង​សេដ្ឋកិច្ច

ស្ត្រីមានផ្ទៃពោះកម្ពុជាម្នាក់ត្រូវបានបញ្ជូនមកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ FV ក្នុងស្ថានភាពហូរឈាមមិនឈប់បន្ទាប់ពីសម្រាលកូនដោយការវះកាត់នៅស្រុកកំណើត ធ្វើឱ្យជីវិតស្ថិតក្នុងគ្រោះថ្នាក់។ដោយបានរកឃើញថាមូលហេតុនៃការហូរឈាមរបស់ស្ត្រីមានផ្ទៃពោះគឺជាជំងឺដ៏កម្រមួយចំពោះមនុស្សពេញវ័យ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា FV ជាង ៤០ នាក់បានខិតខំប្រឹងប្រែងអស់រយៈពេលជាងមួយខែដើម្បីជួយជីវិតអ្នកជំងឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
វេជ្ជបណ្ឌិត ទ្វឹន និងក្រុមរបស់គាត់ប្រញាប់នាំអ្នកជំងឺចូលទៅក្នុងបន្ទប់

មានផ្ទៃពោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារហូរឈាមមិនឈប់ក្រោយពេលសម្រាលកូន

ថ្ងៃដែលនាំប្រពន្ធ (អ្នកស្រី ឈុន សេទីណា អាយុ ៣៦ ឆ្នាំ) ទៅមន្ទីរពេទ្យនៅស្រុកកំណើតក្នុងប្រទេសកម្ពុជា ដើម្បីសម្រាលកូនលើកទីបីនោះ លោក មុត សុធីយា (អាយុ ៣៨ ឆ្នាំ) មិននឹកស្មានថាប្រពន្ធរបស់គាត់ត្រូវជួបឧប្បត្តិហេតុធ្ងន់ធ្ងរបែបនេះទេ។ បន្ទាប់ពីប្រពន្ធសម្រាល (ដោយការវះកាត់) លោក សុធីយា បានទទួលដំណឹងពីគ្រូពេទ្យថា ប្រពន្ធរបស់គាត់មានគ្រុនក្តៅ ហើយមុខរបួសហូរឈាមមិនឈប់។

ដោយ​សង្ស័យ​ថា​របួស​វះកាត់​បណ្តាល​ឱ្យ​ហូរ​ឈាម​នោះ នៅ​ថ្ងៃ​ទី​១៨ ខែតុលា គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​ដើម្បី​ព្យាបាល ។ ដោយមិន​អាច​បញ្ឈប់​ការ​ហូរ​ឈាម​បាន ក្រុមគ្រូពេទ្យ​ត្រូវកាត់​យក​ស្បូន​របស់អ្នកស្រី សេទីណា ចេញ​។ ទោះយ៉ាងនេះក៏ដោយ ឈាមនៅតែបន្តហូរ។ នៅថ្ងៃបន្ទាប់ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ម្តងទៀត ប៉ុន្តែការខិតខំប្រឹងប្រែងលើកទីពីរដើម្បីបញ្ឈប់ការហូរឈាមបរាជ័យ។

លោក សុធីយា ឈរលែងត្រង់ពេលគ្រូពេទ្យប្រាប់ថា គ្មានវិធីបញ្ឈប់ការហូរឈាមឲ្យប្រពន្ធរបស់គាត់។ មន្ទីរពេទ្យ​នៅ​ស្រុក​កំណើតរបស់គាត់​មិន​អាច​ព្យាបាល​ឲ្យនាង​បាន​ទេ។ ក្នុងភាព​អស់សង្ឃឹម គាត់​បាន​សុំ​ឲ្យ​គ្រូពេទ្យ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​សង្គ្រោះ​ប្រពន្ធ​របស់គាត់​។

ក្រុមគ្រូពេទ្យ​បាន​ជួយ​គាត់​ទាក់ទង​ទៅ​មន្ទីរពេទ្យ​ធំៗ​ជាច្រើន​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​មិនបានទទួលផល​។ ទីបំផុត​តាមរយៈ​ការិយាល័យ​តំណាង​មន្ទីរពេទ្យ FV នៅរាជធានី​ភ្នំពេញ ភរិយា​របស់​លោក​ត្រូវបាន​មន្ទីរពេទ្យ FV ទទួលយក​។ ដោយសារតែឈាមនៅតែបន្តហូរ ក្រុមគ្រូពេទ្យកម្ពុជាបានប្រើក្រណាត់រុំចំនួន២កំណាត់ធំ (ប្រហែល២០សង់ទីម៉ែត្រ) ដាក់ចូលទៅក្នុងពោះអ្នកជំងឺដើម្បីបញ្ឈប់ការហូរឈាម ដេររបួស រួចបញ្ជូនទៅកាន់ប្រទេសវៀតណាមភ្លាមៗ ចូលមន្ទីរពេទ្យ FV។ ភ្លាមនោះគណៈគ្រប់គ្រងនៃមន្ទីរពេទ្យ FV និងក្រុមគ្រូពេទ្យបានប្រជុំបន្ទាន់ ដើម្បីត្រៀមករណី “អាក្រក់ច្រើនជាងល្អ” ដោយមានការខិតខំប្រឹងប្រែងគ្រប់ការចំណាយទាំងអស់ “រក្សាជីវិតម្តាយដើម្បីកូនទាំងបី”។

ការខិតខំប្រឹងប្រែងរបស់ក្រុមវះកាត់ដើម្បីបញ្ឈប់ការហូរឈាម

អ្នកស្រី សេទីណា ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ FV ​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​តុលា ហើយ​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត ឡេ ឌឹក ទ្វឹន  ព្យាបាល។ រូបថតបង្ហាញយ៉ាងច្បាស់នូវក្រណាត់រុំធំពីរនៅក្នុងពោះរបស់អ្នកជំងឺ។ វេជ្ជបណ្ឌិត ទ្វឹន បញ្ជាឱ្យវះកាត់ជាបន្ទាន់ ដើម្បីយកពីរក្រណាត់រុំចេញ ព្រោះបើទុកយូរពេក ហានិភ័យនៃការឆ្លងមេរោគក្នុងពោះគឺខ្ពស់ណាស់។ នៅពេលដែលដកក្រណាត់រុំចេញ ក្នុងពោះរបស់អ្នកជំងឺមានផ្ទុកឈាមដល់ ២ លីត្រ។ យោង​តាម​ឯកសារ​វេជ្ជសាស្ត្រ អ្នកជំងឺ​បានបញ្ចូល​ឈាម​សរុប​ចំនួន ៣២ឯកតា ពេល​នៅ​ប្រទេស​កម្ពុជា។

ក្នុងនាមជាវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ម្នាក់ ប៉ុន្តែបានឃើញរូបភាពស្ត្រីមានផ្ទៃពោះវ័យក្មេងម្នាក់ដែលមានក្បាលពោះពោរពេញដោយស្នាមរបួសបន្ទាប់ពីការវះកាត់ជាច្រើនដងរួចមក វេជ្ជបណ្ឌិត ទ្វឹន សែនអាណិតខ្លោចផ្សារ។ វេជ្ជបណ្ឌិត ទ្វឹន បាន​ចែករំលែក​ថា៖ «គ្រូពេទ្យ​វះកាត់​ត្រូវ​តែ​មាន​បេះដូង​តោ ប៉ុន្តែ​មាន​ការ​វះកាត់​ខ្លះ​នៅ​តែ​ធ្វើ​ឲ្យ​បេះដូង​​ញ័រឈឺ»។

បន្ទាប់មក ក្រុមគ្រូពេទ្យ FV បានរកឃើញរបួសសរសៃឈាមផ្នែកខាងក្រោមឆ្វេងនៃ Epigastric Artery របស់អ្នកជំងឺ មិនទាន់បានព្យាបាលត្រឹមត្រូវ ដូច្នេះហើយពួកយើងបានបញ្ឈប់ការហូរឈាមយ៉ាងប្រុងប្រយ័ត្នឲ្យអ្នកជំងឺ។ ការវះកាត់បានដំណើរការដោយគ្មានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែ​ពួកគេមិន​អាច​រីករាយបានទេ ដោយក្រុម​វះកាត់​បាន​​ឃើញ​ថា​ឈាម​នៅ​តែ​ហូរ​ចេញ។

FV បានរៀបចំការពិគ្រោះយោបល់អន្តរកម្មជាច្រើនក្នុងអំឡុងពេលនៃការព្យាបាលឱ្យអ្នកជំងឺ សេទីណា

ការពិគ្រោះយោបល់អន្តរកម្មជាបន្ទាន់មួយត្រូវបានធ្វើឡើងដើម្បីរកឱ្យឃើញពីមូលហេតុដែលការហូរឈាមនៅតែបន្ត។ពោះរបស់អ្នកជំងឺត្រូវបានវះកាត់ម្តងហើយម្តងទៀត ដោយប្រើឡាស៊ែរ ដើម្បីបញ្ឈប់ការហូរឈាម និងបានដេរជាច្រើនដង បង្កើតជាដុំ ដែលធ្វើអោយពិបាកក្នុងការចូលទៅជិតកន្លែងហូរឈាម។ ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តប្តូរទៅអន្តរាគមន៍សរសៃឈាមក្នុងគោលបំណងបិទមែកធាងសរសៃឈាមដែលខូចខា​តនៃផ្នែកខាងក្រោមនៃ Epigastric Artery នៅក្នុងពោះរបស់អ្នកជំងឺដើម្បីបញ្ឈប់ការហូរឈាម។

អន្តរាគមន៍ស្ទះសរសៃឈាម​ត្រូវ​បាន​អនុវត្ត​ដោយ​លោក​វេជ្ជបណ្ឌិត Pierre Jaillot – ប្រធាន​នាយកដ្ឋាន​រូបភាព​វេជ្ជសាស្រ្ត មន្ទីរពេទ្យ FV ។ នៅពេលចូលទៅជិតមែកធាងសរសៃឈាមខាងឆ្វេង វេជ្ជបណ្ឌិត Pierre មានការលំបាកក្នុងការស្វែងរកសរសៃឈាមអន្តរាគមន៍។

នៅពេលនោះ លោកវេជ្ជបណ្ឌិត លឿង ង៉ុក ទ្រុង – ប្រធាននាយកដ្ឋានវះកាត់សរសៃឈាម និងទ្រូង អ្នកកំពុងរង់ចាំជំនួយក្នុងការវះកាត់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការអន្តរាគមន៍សរសៃឈាម។ ស្វែងយល់អំពីមូលហេតុ លោកវេជ្ជបណ្ឌិត ទ្រុង បានឃើញថាមែកធាងសរសៃឈាម និងសរសៃឈាមអាកទែរដើមដៃ មានការរួមតូចខ្លាំង ដោយសារតែអ្នកជំងឺត្រូវបានផ្តល់ថ្នាំបង្រួមសរសៃឈាមកម្រិតខ្ពស់ដើម្បីទប់មិនអោយហូរឈាមបន្ទាប់ពីការវះកាត់។ វេជ្ជបណ្ឌិត ទ្រុង​ ព្យាយាម​ធ្វើ​អន្តរាគមន៍​តាម​សរសៃ​ពី​ក្លៀក​ដល់​ពោះ​អ្នកជំងឺ។ វិធីសាស្រ្តនេះត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីក្រុមវះកាត់ ដោយសារការអន្តរាគមន៍ធ្វើអោយសរសៃឈាមបានដំណើរការយ៉ាងរលូន។

ជំងឺកំណកឈាមមិនប្រក្រតីដ៏កម្រជួប និងការស្វែងរកថ្នាំដ៏កម្រចំនួន 4

ទោះយ៉ាងនេះក៏ដោយ ១២ ម៉ោងក្រោយមក ការហូរឈាមនៅតែបន្ត។ អ្នកជំងឺបន្តបញ្ចូលឈាម និងការដាក់ឈាមដំបូង ២០០មីលីលីត្រ បន្ទាប់មក ៧០០មីលីលីត្រ ទាំងនេះជាការបញ្ចូលឈាមបរិមាណច្រើន បរិមាណឈាមដែលបានបញ្ចូលពីមួយថ្ងៃទៅមួយថ្ងៃ​ទៅក្នុងខ្លួនរបស់ស្ត្រីមានផ្ទៃពោះប៉ុន្មានហាក់ដូចជាហូរចេញប៉ុណ្ណឹង។

​​​រយៈពេល​ជាង​៣០​ម៉ោងនៃព្យាបាលប៉ុន្តែអ្នកជំងឺនៅតែ​ហូរឈាមមិនឈប់។ វេជ្ជបណ្ឌិត ង្វៀន ធី ឡាម យ៉ាង –​ នាយកដ្ឋានថ្នាំសណ្តំ និងសង្គ្រោះបានសង្ស័យថា អ្នកជំងឺអាចមានជម្ងឺ Hemophilia – ជំងឺកំណកឈាមមិនប្រក្រតីដែលបណ្តាលឱ្យពិបាកក្នុងការបញ្ឈប់ការហូរឈាម។ អ្វីដែលចម្លែកនោះគឺថា ប្រសិនបើអ្នកជំងឺ​ស្ត្រីដែលកើតជំងឺនេះគ្រាន់តែត្រូវមករដូវដំបូង នោះនាងអាចឈានទៅដល់ការស្លាប់ដោយសារការហូរឈាមមិនឈប់ ប៉ុន្តែអ្នកជំងឺនេះបានសម្រាលកូនលើកទីបីរួចទៅហើយ។

ក្រុមការងារបានអញ្ជើញលោកវេជ្ជបណ្ឌិត ផាម ម៉ាញ ទ្វឹន – គ្រូពេទ្យឯកទេសជំងឺឈាមនៅមន្ទីរពេទ្យ FV មកចូលរួមពិគ្រោះ។ លោកវេជ្ជបណ្ឌិត ទ្វឹន ក៏មានការសង្ស័យថា អ្នកជំងឺអាចមានជំងឺកំណកឈាមមិនប្រក្រតីក្នុងទម្រង់ខុសគ្នាខ្លាំង ដូច្នេះលោកបានបញ្ជាឱ្យធ្វើតេស្ដឈាមស៊ីជម្រៅ ច្បាស់លាស់ និងលម្អិតបន្ថែមទៀត ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ។

លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថាឈាមរបស់អ្នកជំងឺ ” Factorទី VIII” មានកម្រិតទាបណាស់ហើយក្នុងពេលជាមួយគ្នានោះInhibitor “Factorទី VIII” បានលេចឡើង។ លទ្ធផល​នេះ​បង្ហាញ​ថា​វា​ជា​ Hemophilia ​ទទួលរង (Acquired Homophilia)។ Hemophilia គឺជាជំងឺហ្សែនដែលត្រូវបានរកឃើញជាចម្បងលើបុរស។ ទន្ទឹមនឹងនោះ ជំងឺ hemophilia ទទួលរងគឺកម្រមានប្រហែល ១ ករណី/១០០០ នាក់ក្នុងមួយឆ្នាំ ហើយជារឿយៗត្រូវបានរកឃើញចំពោះអ្នកជំងឺវ័យចំណាស់ដែលមានជំងឺក្នុងខ្លួនមួយចំនួនដូចជា មហារីក ខ្លាញ់ក្នុងឈាម។ល។ ក្នុងករណីនេះ អ្នកជំងឺគឺជាស្ត្រី និងក្មេង ដូច្នេះលទ្ធភាពនៃការទទួលការកើតជំងឺនេះគឺកម្រណាស់។​ ”ចំពោះស្ត្រីមានផ្ទៃពោះនេះ ជំងឺ Hemophilia កើតមាន អំឡុងពេលមានផ្ទៃពោះអាចជាកត្តាហានិភ័យ ប៉ុន្តែមូលហេតុផ្សេងទៀតនៅតែត្រូវការការពិនិត្យ» លោកវេជ្ជបណ្ឌិត ផាម ម៉ាញ ទ្វឹន បានពន្យល់។

សម្រាប់ការព្យាបាល វេជ្ជបណ្ឌិតសន្មតថា ចាំបាច់ត្រូវប្រើលក្ខណៈសម្បត្តិជាស្ពាន តាមរយៈFactorមួយទៀតគឺ “Factor ទី VII”។ ទោះជាយ៉ាងនេះក៏ដោយ ការលំបាកគឺថា “Factorទី VII” មានតម្លៃថ្លៃ និងកម្រណាស់ មានតែមន្ទីរពេទ្យមួយចំនួនប៉ុណ្ណោះដែលមានថ្នាំបម្រុង។

ភ្លាមៗនោះ ក្រុមព្យាបាលឱ្យអ្នកជំងឺ សេទីណា បានសម្របសម្រួលជាមួយក្រុមឱសថស្ថាន FV ដើម្បីទាក់ទងទៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងទីក្រុង ដោយបានរកឃើញ “Factor ទី VII” ចំនួន ៤ ភ្លាមៗ ដើម្បីចាក់ចូលទៅក្នុងខ្លួនអ្នកជំងឺ។

វេជ្ជបណ្ឌិតនៅក្នុងបន្ទប់ ICU បាននិយាយថា បន្ទាប់ពីបានចាក់ថ្នាំ “Factor ទី VII” ចំនួនបួនដបតូច រាល់បាតុភូតនៃការហូរឈាមរបស់អ្នកជំងឺបានឈប់ភ្លាមៗ។

វេជ្ជបណ្ឌិត ទ្វឹន ពិនិត្យនិងផ្លាស់ប្តូរបង់រុំឱ្យអ្នកជំងឺ

កៀងគរធនធានមន្ទីរពេទ្យទាំងអស់ តស៊ូដើម្បីដណ្តើមជីវិតឱ្យអ្នកជំងឺ

ទោះជាយ៉ាងនេះក៏ដោយ ការព្យាបាលរបស់អ្នកជំងឺមិនបានបញ្ឈប់នៅត្រឹមនេះទេ។ ដោយសារតែការវះកាត់ម្តងហើយម្តងទៀត អ្នកជំងឺទទួលរងនូវការហត់នឿយ ការឆក់ឆ្លងមេរោគធ្ងន់ធ្ងរ ការខូចខាតដល់សរីរាង្គខាងក្នុង (ជំងឺរលាកសួត ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ការថយចុះទីរ៉ូអ៊ីត និងជំងឺហឺត) គ្រុនក្តៅជាប់រហូតរយៈពេល ៣ សប្តាហ៍។

“ដោយសារតែការឆ្លងមេរោគ អ្នកជំងឺត្រូវការថ្នាំអង់ទីប៊ីយោទិចកម្រិតខ្ពស់ ថ្នាំបេះដូង ថ្នាំជំនួយសម្ពាធ​ឈាមដើម្បីបង្កើនសម្ពាធឈាម។ ស្ទើរតែទាំងអស់នៃរាងកាយរបស់អ្នកជំងឺត្រូវបានភ្ជាប់ជាមួយនឹងសឺរាំងដើម្បីបូមថ្នាំ ជំនួយសម្ពាធ​ឈាម និងថ្នាំជំនួយផ្សេងទៀត” វេជ្ជបណ្ឌិត យ៉ាង បានឱ្យដឹង។ ការពិគ្រោះយោបល់ជំហានបន្ទាប់ផ្តោតលើការព្យាបាលការឆ្លងមេរោគ និងអាហារូបត្ថម្ភ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។ មួយថ្ងៃៗបានកន្លងផុតទៅ ស្ថានភាពអ្នកជំងឺបានប្រសើរឡើងបន្តិចម្តងៗ ដែលនាំមកនូវភាពរីករាយដល់ក្រុមទាំងមូល។

នៅពេលបានសួរថាតើអ្វីដែលធ្វើឱ្យ FV និងក្រុមគ្រូពេទ្យមានទំនុកចិត្តក្នុងការទទួលយកករណីធ្ងន់ធ្ងរនេះដោយហានិភ័យជាច្រើននោះ លោកបណ្ឌិតវេជ្ជបណ្ឌិត ដូ ត្រុង ខាញ់ – ប្រធានផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ FV បានឆ្លើយតបថា៖ “នៅពេលដែលខ្ញុំបានទទួលទូរស័ព្ទពីសហការីពីប្រទេសមិត្តជិតខាងអំពីការស្នើសុំព្យាបាលអ្នកជំងឺ ទោះបីជាមិនអាចបញ្ជាក់ថាតើអ្នកជំងឺអាចសង្គ្រោះបានឬក៏អត់ ខ្ញុំនៅតែសម្រេចចិត្តទទួលយកក្នុងនាមក្រុមប្រឹក្សាភិបាល។ ជាមួយនឹងជំនាញរបស់ក្រុមវេជ្ជសាស្រ្ដ និងឧបករណ៍ដែលមាន ខ្ញុំជឿថា FV អាចដោះស្រាយករណីដ៏ស្មុគស្មាញបែបនេះបាន ពីព្រោះ FV អាចប្រមូលធនធានទាំងអស់ដើម្បីជួយសង្រ្គោះអ្នកជំងឺ”។

FV ធ្លាប់​ទទួល​ករណី​ធ្ងន់ធ្ងរនិង​ស្មុគ​ស្មាញ​យ៉ាង​ខ្លាំង ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​លោក​បណ្ឌិត ខាញ់ ចាត់​ទុក​ថា​មាន​ភាពស្មុគស្មាញ​ជាង។  “អ្នកជំងឺមានកូនតូចបីនាក់ កុមារម្នាក់ទើបនឹងកើត បើអ្នកជំងឺស្លាប់ កូនទាំងបីនាក់នឹងក្លាយជាក្មេងកំព្រាម្តាយ។ នេះក៏ជាកត្តាជំរុញទឹកចិត្តសម្រាប់ក្រុម FV សម្រេចចិត្តទទួលយកអ្នកជំងឺ”។

កិច្ចសហការពហុជំនាញនៅ FV បង្កើតធនធានដ៏មានតម្លៃក្នុងការព្យាបាលករណីស្មុគស្មាញ

ក្នុងរយៈពេលមួយខែ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាសរុបជាង ៤០ នាក់បានចូលរួមក្នុងការព្យាបាលអ្នកជំងឺ សេទីណា ។ ការពិគ្រោះអន្តរកម្មសិក្សាដោយផ្ទាល់ និងតាមអ៊ីនធឺណិតជាច្រើនរវាងវេជ្ជបណ្ឌិតនិងអ្នកគ្រប់គ្រងត្រូវបានធ្វើឡើង ដើម្បីតាមដានយ៉ាងដិតដល់នូវវឌ្ឍនភាពរបស់អ្នកជំងឺ។ ក្រុមវេជ្ជបណ្ឌិតឆ្លងកាត់ច្រើនម៉ោងតានតឹង និងគេងមិនលក់ច្រើនយប់។

“នៅ FV កម្លាំងពហុជំនាញមានសារៈសំខាន់ណាស់។ ដោយការសម្របសម្រួលយ៉ាងឆាប់រហ័សនៃឯកទេសជាច្រើននៅក្នុងមន្ទីរពេទ្យ យើងអាចជួយសង្គ្រោះអ្នកជំងឺក្នុងស្ថានភាពបន្ទាន់និងគ្រោះថ្នាក់បែបនេះ!” វេជ្ជបណ្ឌិត ឡេ ឌឹក ទ្វឹន បានចែករំលែកបន្ថែម។

 “នៅវៀតណាម ខ្ញុំមានអារម្មណ៍ថាខ្ញុំបានកើតជាថ្មីម្ដងទៀត!”

លោក មុត សុធីយា អរគុណលោកវេជ្ជបណ្ឌិត ទ្វឹន និងក្រុមការងារមន្ទីរពេទ្យ FV ដែលបានជួយសង្គ្រោះជីវិតភរិយា

ថ្ងៃទី 23 ខែវិច្ឆិកា លោកវេជ្ជបណ្ឌិត ទ្វឹន បានពិនិត្យឱ្យអ្នកជំងឺ សុខភាពរបស់បងស្រី សេទីណា បានធូរស្បើយឡើងវិញហើយ បងស្រីអាចចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។

លោក មុត សុធីយា បានកាន់ដៃលោកបណ្ឌិត ទ្វឹន យ៉ាងតឹង ដោយក្តីដឹងគុណគ្មានព្រំដែន ដែលភរិយា-ម្តាយរបស់កូនតូចទាំងបីនាក់ អាចរស់ឡើង និងត្រឡប់ទៅផ្ទះជាមួយគ្នាបាន។ ប៉ុន្មានថ្ងៃមកនេះ គ្រួសារទាំងសងខាង ក៏ដូចជាគាត់ពុំហ៊ានដកដង្ហើម តាមដានការប្រណាំងប្រជែងនឹងពេលវេលារបស់ក្រុមគ្រូពេទ្យ FV ព្យាយាមជួយសង្គ្រោះជីវិតប្រពន្ធគាត់។ គាត់យល់ថាការជឿទុកចិត្តទាំងស្រុងលើវេជ្ជបណ្ឌិតវៀតណាមគឺជាការសម្រេចចិត្តត្រឹមត្រូវ។

ពេលឮដំណឹងថាខ្លួនជាសះស្បើយហើយនឹងត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ បងស្រី សេទីណា ញញឹមស្រស់ ហើយស្រក់ទឹកភ្នែកនិយាយថា៖ “អរគុណលោកវេជ្ជបណ្ឌិត ទ្វឹន និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកានៅ FV ដែលបានជួយសង្គ្រោះជីវិតខ្ញុំ។ នៅប្រទេសវៀតណាម ខ្ញុំមានអារម្មណ៍ថាខ្ញុំបានកើតជាថ្មីម្ដងទៀត!”

ដើម្បីពិនិត្យ និងព្យាបាលជំងឺសម្ភព និងរោគស្ត្រីសូមទាក់ទង ផ្នែឯកទេស សម្ភព និងរោគស្ត្រី មន្ទីរពេទ្យ FV តាមរយៈលេខទូរស័ព្ទ៖ (+855) 023 211 777  ឬ តេលេក្រាមលេខ +855 089 999 345