កម្ពុជា និងកាហ្សាក់ស្ថានចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព ខណៈភាគីទាំងពីរក៏នឹងចុះ MoU ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវស័យទេសចរណ៍បន្ថែមទៀតក្នុងពេលឆាប់ៗផងដែរ។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សា រវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Yerkinbayev Yerzhan អនុរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតនាឆ្នាំ២០២៥ នេះ។
តាមរយៈជំនួបនោះ បានឱ្យដឹងថា ការចុះអនុស្សារណៈស្តីពីការយោគយល់គ្នាលើវិស័យទេសចរណ៍នាពេលដ៏ឆាប់ខាងមុខ ដោយសារមើលឃើញនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដល់អ្នកទេសចរកាហ្សាក់ស្ថានកន្លងមក។

ជាងនេះទៀត ភាគីទាំងពីរបន្តថា ការចុះ MoU នេះ ក៏បានធ្វើឡើងក្រោយឃើញកំណើនទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ការថតភាពយន្តទេសចរណ៍នៅកម្ពុជាដោយជោគជ័យរបស់ផលិតកម្ម DAUBAY ជាពិសេសគឺប្រទេសកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថានមានចំណុចរួមគ្នាជាច្រើនដូចជាភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋទាំងពីរចំពោះភ្ញៀវ និងអ្នកវិនិយោគបរទេស ម្ហូបអាហារជាលក្ខណៈប្រពៃណីដ៏សំបូរបែប និងមានឱជារស វប្បធម៌ និងទំនៀមទំលាប់ដ៏យូរលង់ និងសំបូរបែប រួមទាំងទំនាក់ទំនងការទូតជាង៣០ឆ្នាំកន្លងមក ។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានកត់សម្គាល់ថា ប្រជាជននិងរដ្ឋាភិបាលកាហ្សាក់ស្ថាននៅតែចងចាំ និងមិនអាចបំភ្លេចបាន គឺដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី នាអំឡុងឆ្នាំ១៩៨២ផងដែរ៕ អត្ថបទ៖ ហ្សាលីន
