គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ធំ៖ នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ហើយបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី ៤៨០០-៥២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ បើទោះបីក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ការទិញលក់នៅតែដំណើការដូចធម្មតា ពុំមានបញ្ហានោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងដូច្នេះនៅក្នុង ឱកាសដឹកនាំក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទីមួយចំនួនក្នុងខេត្តកំពង់ធំនាថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥។

លោកបានបន្តលើកឡើងផងដែរថា ដោយឡែក ចំពោះបញ្ហាប្រឈម ដោយសារតែមានភ្លៀងកក់ខែច្រើននៅក្នុងខែចេត្រ ធ្វើឱ្យប៉ះពាល់ និងខូចជ្រុះក្តឹបនិងផ្កាចន្ទីដែលទើបនឹងចេញវគ្គចុងក្រោយនេះ (ប្រភេទពូជ M23)។

លោករដ្ឋលេខាធិការ បានបន្ថែមថា តាមការវាយតម្លៃនៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យទិន្នផលអាចថយចុះ។ ដោយឡែក នៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ហើយការប្រមូលផលឆ្នាំនេះ អាចបញ្ចប់យឺតជាងឆ្នាំកន្លងមក ប៉ុន្តែក្រុមការងារនឹងបន្តតាមដានទៀត៕