ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជាADB បាននិងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ចំនួន១៥ ទៅ២០ គម្រោងបន្ថែមទៀត ដែលមានតម្លៃជាង ១ពាន់លានដុល្លារ។គម្រោងនេះនឹងអនុវត្តក្នុងរយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ កាលពីថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកស្រីបានឱ្យដឹងថា បច្ចុប្បន្ន ADB បាននិងកំពុងអនុវត្តគម្រោងចំនួន៣២ ដែលមានតម្លៃសរុបចំនួន ២.២ពាន់លានដុល្លារ ដោយធ្វើការលើវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ទីក្រុង វិស័យអប់រំ ការអភិវឌ្ឍន៍ជំនាញ ថាមពល ហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកស្រីបានបញ្ជាក់ថា មកទល់ពេលនេះ ADB បានផ្តល់កម្ចីសម្បទាន ជំនួយឥតសំណងជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់វិស័យឯកជនក្នុងទឹកប្រាក់ជាង៥ពាន់លានដុល្លារអាមេរិកដល់កម្ពុជា៕

