សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ ក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត។

ការសម្តែងនូវការកោតសរសើររបស់សម្តេចធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមកោតសរសើរ ក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត និងឈានទៅដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ដើម្បីចែកចាយនៅលើទីផ្សារ។
សម្តេចបានបន្តថា វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបនេះ ផ្តល់ឱកាសការងារ ប្រាក់បៀវត្សរ៍ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។

ពាក់ព័ន្ធរឿងនេះដែរ សម្តេចធិបតី ក៏បានបញ្ជាក់ថា បានជាក្រុមហ៊ុន FORD របស់សហរដ្ឋអាមេរិកហ៊ានដាក់ទុនវិនិយោគរាប់លាននៅក្នុងប្រទេសកម្ពុជា ព្រោះគេយល់ថា កម្ពុជាអាចធានាស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយផលដល់ការវិនិយោគ ដែលនេះ ជាមោទនភាពមួយរបស់ពលរដ្ឋកម្ពុជា។
សម្តេចបានបញ្ជាក់បន្ថែមថា វិនិយោគិនបរទេសទាំងនោះ រកស៊ីនៅស្រុកខ្មែរមានស្ថិរភាព ដោយសារកម្ពុជាទាក់ទាញ មានគោលនយោបាយលើកទឹកចិត្ត មានភាពនិងនរ និងសន្តិភាព ធានាបាននូវស្ថិរភាពរយៈពេលវែង ទើបមានការទុកចិត្ត និងមានការវិនិយោគពង្រីកបន្ថែមនូវផលិតផលរបស់ពួកគេ ព្រោះគ្មានអ្នកណាចង់ដាក់រោងចក្រ ប្រសិនបើតទៅមុខទៀតត្រូវដួលរលំដោយសារការសង្គ្រាមនោះទេ។
សូមបញ្ជាក់ថា រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD ដែលបានសម្ពោធនេះ មានសមត្ថភាពផលិតរថយន្តលើសពី១ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនបានពង្រីកការវិនិយោគ នូវទំហំទឹកប្រាក់ពី ២១លានដុល្លារអាមេរិក ទៅ២៦,៨ លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី៥ ហិកតា ដល់១២ហិកតា។ រយៈពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford កើនដល់ជាង ៤០០នាក់ ប្រាក់បៀវត្សការកើនឡើងផងដែរ ដោយឆ្នាំ២០២២ មានរោងចក្រជាង ៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រជាង ៤០០ បង្កើតការងារជាង ១,៥ម៉ឺននាក់៕





