យោងតាម VISA2FLY បានឱ្យដឹងថា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ជាប់លេខ២ ក្នុងចំណោមទីក្រុងលំហែលកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតបន្ទាប់ពីទីក្រុងបាងកក ប្រទេសថៃ ក្នុងចំណោមទីក្រុងទាំង១៤ លើពិភពលលោក។

ប្រភពខាងលើបានឱ្យដឹងថា ទីក្រុងលំហែលកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទាំង១៤ នៅលើពិភពលោក រួមមាន៖
១. រាជធានីបាងកក ប្រទេសថៃ
២. រាជធានីភ្នំពេញ ប្រទេសកម្ពុជា
៣. កោះបាលី ប្រទេសឥណ្ឌូណេស៊ី
៤. ទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម
៥. ទីក្រុងហូជីមិញ ប្រទេសវៀតណាម
៦. ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី
៧. ទីក្រុងឡាសវេហ្គាស ប្រទេសអាមេរិក
៨. ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
៩. កោះអ៊ីប៊ីហ្សា ប្រទេសអេស្ប៉ាញ
១០. ទីក្រុងមីអាមី ប្រទេសអាមេរិក
១១. ទីក្រុងតូក្យូ ប្រទេសជប៉ុន
១២. ទីក្រុងរីយ៉ូដេ ចាណេរ៉ូ ប្រទេសប្រេស៊ីល
១៣. ទីក្រុងឡុងដ៍ ប្រទេសចក្រភពអង់គ្លេស
១៤. ទីក្រុងញូវយ៉ក ប្រទេសអាមេរិក។


សូមបញ្ជាក់ថា រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៥មកម្ល៉េះ។ ផ្លូវថ្មើរជើងថ្មីនេះ ដាក់ដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។
ផ្លូវថ្មើរជើងថ្មីនេះបានទាក់ទាញចិត្តទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកលេងកម្សាន្ត នាពេលសម្រាកចុងសប្តាហ៍ ដោយសារទីនោះមានទស្សនីយភាពសិល្បៈចម្រុះជាច្រើន មានការលែងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាមានស្តង់ម្ហូបអាហាររាប់រយមុខតាំងបង្ហាញជូនភ្ញៀវមកលេង។ លើសពីនេះ ចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្តផងដែរ៕









