ក្រសួងពាណិជ្ជកម្មកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការដំឡើងពន្ធលើបន្ទះសូឡានាំចូលពីកម្ពជា របស់សហរដ្ឋអាម៉េរិក ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នោះទេ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានចេញផ្សាយសេចក្តីសម្រេចចុងក្រោយក្នុង ករណីស៊ើបអង្កេតឧបាស្រ័យពាណិជ្ជកម្ម លើការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធន លើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា។
ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជានីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាម៉េរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាម៉េរិក។
ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯក ជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ។
