ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចុះពីលើរថយន្តជួយសម្រួលចរាចរណ៍ដោយផ្ទាល់ រយៈពេលកន្លះម៉ោង បន្ទាប់ពីឃើញចរាចរណ៍មមារញឹកស្ទះខ្លាំង លើផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

លោកអភិបាលខេត្តរតនគិរី បានលើកឡើងថា បើអង្គុយក្នុងឡានច្បាស់ណាស់ថាមិនទៅមុខទេ ដូច្នេះមានតែចុះជួយសម្រួលចរាចរណ៍ចំណាយកន្លះម៉ោងទៅ។ ឯកឧត្តម ញ៉ែម សំអឿន បានឱ្យដឹងទៀតថា ទីតាំងស្ទះនេះគឺស្ថិតនៅរាជធានីភ្នំពេញ ខណៈដែលលោកបានដំណើរតាមដងផ្លូវ ក្រោយចាកចេញពីកិច្ចប្រជុំមួយ ហើយឃើញស្ទះបែបនេះ ក៏ចុះជួយសម្រួលចរាចរណ៍តែម្តង។
សកម្មភាពដ៏ល្អរបស់លោកអភិបាលខេត្តរតនគិរីនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនស្ញើចសរសើរថា ជាគម្រូល្អសម្រាប់ប្រជាពលរដ្ឋ និងជាអភិបាលខេត្តគម្រូមួយរូប មិនប្រកាន់ឋានៈតួនាទី ថែមទាំងហ៊ានចុះជួយសម្រួលចរាចរណ៍ ដោយមិនខ្លាចគ្រោះថ្នាក់ដល់ខ្លួន។
គួររំឭកថា ឯកឧត្តម ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជំនួសឯកឧត្តម ថង សាវុន ដែលត្រូវតែងតាំងជាអភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី។ លោកត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន៕



