សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧រវាងប្រទេសទាំងពីរ។ ឯកសារចំនួន០៧ នោះរួមមាន៖

១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ
២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន
៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)
៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត
៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ
៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
សូមបញ្ជាក់ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ (២៣ដល់២៤ ខែមេសា ឆ្នាំ២០២៥) តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីថៃ កើតមានឡើងស្របពេលដែលព្រះរាជាណាចក្រ ទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រជាជនទាំងពីរ៕



