ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែមេសានេះ បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ អំពីសហគមន៍ចិញ្ចឹមសត្វទាយកពង នៅឃុំស្រែរនោង ដែលជាទីតាំង ពងទាល្បីល្បាញមានរសជាតិឆ្ងាញ់ជាងគេ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងដំណើរចុះស្វែងយល់នេះដែរ លោកអភិបាលខេត្ត បានចុះទៅពិនិត្យដល់កសិដ្ឋានចិញ្ចឹមទា និងភ្ញាស់ពងទា ព្រមទាំងបានជួបផ្ទាល់ជាមួយបងប្អូនប្រជាកសិករក្នុងសហគមន៍ចិញ្ចឹមសត្វទាយកពង ដែលចិញ្ចឹមជាមួយនឹងការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹម និងថែទាំតាមធម្មជាតិ ធ្វើឱ្យពងទាកូនស្រែរនោង កំពុងផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេស។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យប្រឹងប្រឹងប្រែងបន្តភ្ញាស់ពងទាកូនឱ្យបានច្រើន តម្រូវទៅតាមទីផ្សារក្នុងស្រុក ដោយរក្សាទម្លាប់ភ្ញាស់ ដោយធម្មជាតិឱ្យបានច្រើន។
បើតាមឯកឧត្តម វ៉ី សំណាង ក្រៅពីបង្កងតាកែវ ពងទាកូនស្រែរនោងរបស់ខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសស្គាល់ច្រើនព្រោះមានរសជាតិឆ្ងាញ់ និងជារបស់ធម្មជាតិពិតៗ ដូច្នោះសូមបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍បន្តភ្ញាស់ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់លើទីផ្សារ ហើយវាក៏បានជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានជីវភាពល្អប្រសើរផងដែរ៕








