រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨»

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨» ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ពង្រឹងនិងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យធុរកិច្ចឱ្យកាន់តែរឹងមាំនិងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាកម្មព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ធុរកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រកាសនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានថ្លែងថា បច្ចេកវិទ្យាឌីជីថលបានចាក់ស្រេះគ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច ហើយបានក្លាយជាកត្តាលីករ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់ នៃសេដ្ឋកិច្ច ដែលមិនអាចមើលរំលងបាន។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សម្រាប់វិស័យឯកជន ការចាប់យក និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលគឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។ ចំពោះវិស័យសារធារណៈវិញ បច្ចេកវិទ្យាឌីជីថលក៏បាននឹងកំពុងដើរតួនាទីជាគន្លឹះយ៉ាងសំខាន់ ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ចដើម្បីកាត់បន្ថយភាពស្មុគស្មាញ នៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន និងធុរជន»។

លោកបានគូសរំលេចថា ការរៀបចំ «យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨»នេះគឺជាការឆ្លើយតបទៅនឹងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩កាលពីថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២៣, ហើយក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រ, ការជំរុញ និង ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាតាមរយៈការបង្កើត «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» មួយដ៏រឹងមាំ ដែលបំពេញគ្នាទៅវិញទៅមក និង មានលក្ខណៈរស់រវើកសម្រាប់ការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច សំដៅគាំទ្រ ដល់ការបង្កើតបរិយាកាសអំណោយផល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ៕