មេដឹកនាំកម្ពុជា-ថៃ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដើម្បីពង្រីកភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង ។


ការប្តេជ្ញានេះ បានធ្វើឡើងកាលនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ។
ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានចាត់ទុក វត្តមានរបស់នាយករដ្ឋមន្ត្រីថៃ នាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងស្មារតីមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រ។
ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្ត្រីថៃ បានសម្តែងក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា ដេីម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈជំនួបនោះដែរ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន៕អត្ថបទ៖ហ្សាលីន
