ឥណ្ឌា នឹងបន្តគាំទ្រកម្ពុជា តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត និងការផ្តល់ជាវគ្គបណ្តុះបណ្តាលពិសេសដល់មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។នេះបើយោងតាមប្រសាសន៍របស់ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ក្នុងជំនួបជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Vanlalvawna Bawitlung ថា ការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសទាំងពីរមានសភាពប្រហាក់ប្រហែលគ្នាដោយបច្ចុប្បន្នប្រជាជនឥណ្ឌាប្រមាណ ៥០% គឺរស់នៅតំបន់ជនបទ។ មួយវិញទៀតរដ្ឋាភិបាលឥណ្ឌាក៏បានកំណត់ចក្ខុវិស័យរបស់ខ្លួនប្រែក្លាយប្រទេសឥណ្ឌាជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៤៧ ផងដែរ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌា និងបន្តគាំទ្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត និងការផ្តល់ជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទជូនដល់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជាដើម។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានលើកឡើងថា ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានក្រសួងអភិវឌ្ឍន៍ជនបទដាច់ដោយឡែក ដូចប្រទេសកម្ពុជាដែរ ដូចនេះលោកក៏ស្នើទូតឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ក្នុងការចែករំលែកនៅបទពិសោធន៍រវាងគ្នាក្នុងការរៀបចំ និងអភិវឌ្ឍន៍នៅតំបន់ជនបទផងដែរ។
បន្ថែមពីនេះ លោក ក៏បានថ្លែងអំណរគុណឯកអគ្គរដ្ឋទូត ដែលប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត។
បើតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានផ្តល់ជាជំនួយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទមានដូចជាគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះតាមរយៈទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, គម្រោងលុបបំបាត់សារធាតុអាសេនិច ពីទឹកបរិភោគនៅជុំវិញបឹងទន្លេសាប, គម្រោងការការពារបរិស្ថានតាមរយៈ ការលុបបំបាត់សារធាតុបំពុល ក៏ដូចជាការផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ផងដែរ៕អត្ថបទ៖ ហ្សាលីន
