គិតត្រឹមឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចំនួន ២៣ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល និងប្រមូលសាច់ប្រាក់សរុបពីទីផ្សារចំនួន ៣៨៧,២២ លានដុល្លារ។

របាយការណ៍និយ័តករមូលបត្រកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទីផ្សារមូលបត្រកម្ពុជា មានមូលធនូបនីយកម្មទីផ្សារ) ប្រមាណ ២,៧៧ ពាន់លានដុល្លារ, សន្ទស្សន៍ទីផ្សារស្ថិតក្នុង ៤១២,៧៥ ពិន្ទុ, ក្រុមហ៊ុនចុះបញ្ជីចំនួន ២ ដែលក្នុងនោះ រួមមាន សញ្ញាបណ្ណបៃតងចំនួន ១, តម្លៃជួញដូរសរុបប្រមាណ ៣២,៩៥ លានដុល្លារ និងទំហំជួញដូរជាមធ្យម ប្រចាំថ្ងៃប្រមាណ ១៣៣.៩៦៣ ដុល្លារ។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា ក៏បានផ្តល់លេខអត្តសញ្ញាណ វិនិយោគិន ចំនួន ១០.៧០៩ផងដែរ។
បើតាមនិយ័តករមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤ បើទោះបីជា ទិន្នន័យនេះមានចំនួនទាប បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែដោយសារការត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនចុះបញ្ជី ចំនួននេះនឹងកើនឡើងខ្ពស់ក្នុងឆ្នាំ២០២៥។
គិតត្រឹមឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា ក៏បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និង/ឬការទទួលស្គាល់ដល់ក្រុមហ៊ុន/ភ្នាក់ងារ ផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១២៧ ក្រុមហ៊ុន/ភ្នាក់ងារ និងដល់អ្នកជំនាញក្នុងទីផ្សារមូលបត្រសរុបចំនួន ៣១៥ រូបផងដែរ។
សូមបញ្ជាក់ថា ទីផ្សារមូលបត្រមានកំណើនគួរឱ្យកំណត់សម្គាល់ក្នុងឆ្នាំ២០២៤។ បើទោះបីជា កំណើននេះនៅមាន កម្រិតទាបបើធៀបនឹងទីផ្សារក្នុងតំបន់ ប៉ុន្តែទីផ្សាមូលបត្រកម្ពុជាមាននិន្នាការនៃការវិវត្តគឺស្របតាមការអភិវឌ្ឍរបស់ ទីផ្សារក្នុងស្រុក និងតំបន់ ក៏ដូចជាទីផ្សារសកល ដូចជាហិរញ្ញវត្ថុនិរន្តរភាព និងការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យមូលបត្រ។
បន្ថែមពីនេះ ជាកិច្ចឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាសកល និងក្នុងគោលបំណងជំរុញការជួញដូរមូលបត្រ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យមូលបត្រ និងដាក់ចេញនូវផលិតផល និងអាជីវកម្ម ឌីជីថលពាក់ព័ន្ធនឹងមូលបត្រ និយ័តករមូលបត្រក៏បានដាក់ចេញនូវយន្តការ និងរៀបចំនូវសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសសេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល៕

