ឆ្នាំ២០២៤ ADB ផ្តល់ថវិកាចំនួន ២៤,៣ ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាផ្តល់ប្រាក់ចំនួន ២៤,៣ ពាន់លានដុល្លារ ពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៤ រួមនឹងការផ្តល់សហហិរញ្ញប្បទានចំនួន ១៤,៩ ពាន់លានដុល្លារ ក្រោមកិច្ចសហការជាមួយដៃគូ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍស្មុគស្មាញជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធាន ADB លោក Masato Kanda បានមានប្រសាសន៍ថា «ជាមួយនឹងការកើនឡើងនូវទំហំផ្តល់ហិរញ្ញវត្ថុរបស់យើង និងការផ្តោតជាយុទ្ធសាស្រ្តកាន់តែជាក់លាក់ ADB កំពុងប្រែក្លាយការប្តេជ្ញាចិត្តទៅជាលទ្ធផលជាក់ស្តែង។ យើងកំពុងផ្តល់ហិរញ្ញប្បទានគាំទ្រប្រភពថាមពល និងប្រព័ន្ធដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពជាងមុន ទ្រទ្រង់ដល់វិស័យឯកជនប្រកបដោយសក្តានុពលដែលបង្កើតការងារមានគុណភាព ព្រមទាំងពង្រឹងសេវាមូលដ្ឋានក្នុងវិស័យអប់រំ សុខាភិបាល និងកិច្ចការពារសង្គម។ រួមគ្នាជាមួយដៃគូរបស់យើង ADB កំពុងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់ក្រោយនៅអាស៊ី និងប៉ាស៊ីហ្វិក។»

ថវិកាចំនួន ២៤,៣ ពាន់លានដុល្លារនោះ រួមមានប្រាក់កម្ចី ជំនួយឥតសំណង ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេស ដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។

បន្តពីការផ្តល់ការងារផ្ទាល់ប្រមាណ ១ លានការងារក្នុងឆ្នាំ ២០២៤ ADB បានសន្យាផ្តល់ថវិកាចំនួន ៤,៨ ពាន់លានដុល្លារ តាមរយៈគម្រោង និងកម្មវិធីគាំទ្រវិស័យឯកជនរបស់ខ្លួន ដែលបានកើនឡើង ២៨,៥% ពីឆ្នាំ ២០២៣។ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនបានគាំទ្រដល់បរិយាកាសធុរកិច្ច ពង្រីកទីផ្សារមូលធនកាន់តែទូលំទូលាយ និងបង្កើនការធ្វើពាណិជ្ជកម្ម។

របាយការណ៍នេះក៏បានកត់ត្រាពីការវិវត្តរបស់ ADB ដើម្បីក្លាយជាធនាគារអភិវឌ្ឍន៍កាន់តែធំ កាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ចំណុចសំខាន់ៗរួមមាន កំណែទម្រង់ការគ្រប់គ្រងមូលធន ដែលនឹងអនុញ្ញាតឱ្យ ADB ពង្រីកប្រតិបត្តិការរបស់ខ្លួន ៥0% បន្ថែម ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ ការធ្វើបច្ចុប្បន្នភាពគន្លឹះនៃយុទ្ធសាស្រ្តរួមរបស់ស្ថាប័ន និងការបន្ថែមថវិកាចំនួន ៥ ពាន់លានដុល្លារសម្រាប់មូលនិធិអភិវឌ្ឍន៍អាស៊ី ដែលជាប្រភពហិរញ្ញប្បទានឥតសំណងដ៏ធំបំផុតរបស់ ADB សម្រាប់ប្រតិបត្តិការនៅក្នុង ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ ដែលមានតម្រូវការខ្ពស់ និង ងាយរងគ្រោះបំផុតរបស់ខ្លួន។

ADB ក៏បានបែងចែកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងជាច្រើនក្នុងឆ្នាំ២០២៤ ដើម្បីបង្កើតប្រព័ន្ធផលិតកម្មស្បៀងប្រកបដោយផលិតភាពនិងធន់ជាងមុន កាត់បន្ថយផលប៉ះពាល់ដែលបង្កការខូចខាតពីព្រឹត្តិការណ៍អាកាសធាតុអាក្រក់ និងបង្វែរទិសការរិចរិលបរិស្ថាន និងការបាត់បង់ជីវចម្រុះ។

ADB បានជួយ ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ ដើម្បីអនុវត្តកំណែទម្រង់សំខាន់ៗ សំដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោះស្រាយហានិភ័យសារពើពន្ធ និង ជំរុញការអភិវឌ្ឍនសង្គម និងសេដ្ឋកិច្ចតាមរយៈការកៀរគរធនធាន និងថវិកាក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ដោយ:សុភក្ត្រា