កម្ពុជាឈានជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥នេះ

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត។ នេះបើតាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីបានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រទេសកម្ពុជាមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំងផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់៕