ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០៣៣ គឺមានចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំ ចំនួន៤ សំដៅឈានទៅជំរុញវិស័យដឹកញ្ជូនកម្ពុជាកាន់តែប្រសើរឡើង។

នេះបើយោងតាមប្រសាសន៍របស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាចរបស់សមាគមភស្តុភារកម្មកម្ពុជា កាលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។
ថ្លែងក្នុងអង្គពិធីនោះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ សមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមយ៉ាង ស្វិតស្វាញជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ហើយវិស័យឯកជនក៏បាននិងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជន។
លោកបន្តថា សក្តានុពលនៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យរាប់ទាំងវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំ ចំនួន៤ រួមមាន៖ ១. ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និង សមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ២. ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៣. ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង ៤. ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។
ឆ្លើយតបនឹងផែនការមេខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក៕ អត្ថបទ៖ ហ្សាលីន