ក្រុមហ៊ុន Koson Group បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហព័ន្ធដំឡូងមីកម្ពុជា ទទួលទិញដំឡូងមីចំនួន ៣០០,០០០តោន និងពោតក្រហមចំនួន ១០០,០០០តោន ក្នុងមួយឆ្នាំពីកម្ពុជា។

នេះបើតាមរយៈជំនួបរវាងលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញដំឡូងមី និងពោតក្រហមកម្ពុជា កាលពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥។
ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សា យ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។
ជាមួយគ្នានោះ លោក រាជ រ៉ា បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ និងធ្វើអាជីកម្មនៅកម្ពុជា អោយបានច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាទិញដំឡូងមីកម្ពុជា ចំនួន ៣០០,០០០តោន និងពោតក្រហមកម្ពុជាចំនួន ១០០,០០០តោន ក្នុងមួយឆ្នាំនេះ គឺតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា ដែលមានឧកញ៉ា ច្រាយ សុន ជាប្រធាន៕


