គម្រោងវិនិយោគ១៨ ក្រោមទុន ៣៦១លានដុល្លារ នឹងបោះទីតាំងវិនិយោគនៅរាជធានី ខេត្តចំនួន៧

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៨គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងវិនិយោគទាំង១៨ ដែលត្រូវបានសុំចុះបញ្ជីនោះ មានទុនវិនិយោគសរុបប្រមាណ ៣៦១លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៨.៥០០កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្ថែមថា គម្រោងទាំងនោះមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ), វិស័យឧស្សាហកម្មចំនួន ១៦គម្រោង (ផលិតគ្រឿងបន្លាស់រថយន្ត, ផលិតគ្រឿងសង្ហារិម, ផលិតនិងផ្គុំដំទ្បើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផ្គុំដំទ្បើងអំពូលអិលអ៊ីឌីនិងពិល, ផលិតដើមណូអែលនិងសម្ភារៈប្រើប្រាស់ពីលោហធាតុ, ផលិតសម្ភារៈជាងនិងសម្ភារៈផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់សម្រាប់សត្វចិញ្ចឹមគ្រប់ប្រភេទ, ចាក់សម្លៀកបំពាក់,  បោកគក់, ជ្រលក់ពណ៌, និងផលិតស្រោមជើង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង១៨ នេះនឹងបោះទីតាំងវិនិយោគនៅរាជធានី ខេត្តចំនួន៧ រួមមាន រាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, មណ្ឌលគិរី, និងរតនគិរី។

សូមជម្រាបជូនថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង។ ចំនួននេះ មានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤៕