ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុនថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុនក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរជាងមុន។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យូអរកូតរវាង KHQR និង JPQR នេះ ត្រូវបានបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២ ប្រជាជនជប៉ុនអាចស្តេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន។ ដើម្បីអនុវត្តកិច្ចសហការនេះបានរលូន ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមយ្យូអរកូតជាមួយភាគីកម្ពុជា។

ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និងកាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។ ទន្ទឹមនេះ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ក្នុងប្រទេសកម្ពុជា ឬ JPQR ក្នុងប្រទេសជប៉ុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែមតាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងមាសទី១ ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុង អូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ចំណែកឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥៕