លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពាវដល់និស្សិតដែលលោកធ្លាប់បានបណ្ដុះបណ្ដាល បរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីជួយ «មូលនិធិអប់រំកុមារ»

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវដល់និស្សិត ដែលលោកធ្លាប់បានបណ្ដុះបណ្ដាលទាំងអស់ ចូលរួមបរិច្ចាគថវិកាម្នាក់ ១ដុល្លារក្នុងមួយខែ ដើម្បីជួយដល់ «មូលនិធិអប់រំកុមារ»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មកសារព័ត៌មាន Oknha News នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«មូលនិធិអប់រំកុមារ» បានបង្កើតឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ និងចំណាយថវិកាផ្ទាល់របស់លោកបណ្ឌិត អមជាមួយនឹងការចូលរួមពីសប្បុរសជននានា ដើម្បីជួយដល់កុមារតូចៗ ដែលស្រលាញ់ការសិក្សារៀនសូត្រ ប៉ុន្តែប្រឈមនឹងការបោះបង់ការសិក្សា ដោយសារតែមិនមានលទ្ធភាពក្នុងការបន្តការសិក្សារៀនសូត្រ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ «មូលនិធិអប់រំកុមារ» មានគោលដៅចង់ឱ្យកុមាដែលស្រលាញ់ការសិក្សារៀនសូត្រ អាចមានលទ្ធភាពរៀនសូត្របានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ហើយប្រសិនជាកុមានោះខ្វះលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនោះមូលនិធិនឹងព្យាយាមស្វែងរកអាហាររូបករណ៍ដល់កុមារដែលស្រលាញ់ការសិក្សាទាំងនោះថែមទៀត។

អាស្រ័យហេតុនេះហើយ ក្នុងនាមជាសាស្ត្រាចារ្យមួយរូប ដែលបម្រើការងារលើវិស័យអប់រំអស់រយៈពេលជាង២០ឆ្នាំលោកបណ្ឌិត បានសម្រេចចិត្តអំពាវនាវទៅកាន់និស្សិតទាំងឡាយ ដែលលោកធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកបណ្ឌិតផ្ទាល់ជួយចូលរួមបរិច្ចាគថវិកាមួយខែ ១ដុល្លារដល់ «មូលនិធិអប់រំកុមារ» នេះ ដើម្បីបន្តបេសកកម្មជួយបំពេញក្ដីស្រមៃដល់កុមាទាំងឡាយណាដែលស្រលាញ់ការសិក្សារៀនសូត្រ។

ប្រសិនបងប្អូនប្រជាពលរដ្ឋ ចាប់អារម្មណ៍ចង់ចូលរួមបរិច្ចាគថវិកាដើម្បីជួយដល់ «មូលនិធិអប់រំកុមារ» អាចទាក់ទងមកកាន់លេខទូរស័ព្ទ និង CoolApp ០៧៨ ៦៩៩ ២៩៩ ឬគណនី ABA: 007293177៕