ធនាគារពិភពលោក បានឱ្យដឹងកាលពីថ្ងៃ២៥ខែមេសាថា សម្រាប់ឆ្នាំ២០២៥ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ ដែលក្នុងនោះកំណើនសេដ្ឋកិច្ចកម្ពុជាមាន ៤.0។
ចំណែកសេដ្ឋកិច្ចនៅប្រទេសចិននឹងមានកំណើនក្នុងកម្រិត ៤ភាគរយ, ឥណ្ឌូណេស៊ី ៤,៧ភាគរយ, ម៉ាឡេស៊ី ៣,៩ភាគរយ, ម៉ុងហ្គោលី ៦,៣ភាគរយ, ឡាវ ៣,៥ភាគរយ, ហ្វីលីពីន ៥,៣ភាគរយ, ថៃឡង់ដ៍ ១,៦ភាគរយ, និង វៀតណាម ៥,៨ភាគរយ។
ធនាគារពិភពលោកបានឱ្យដឹងទៀតថាបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ២,៥ភាគរយ។

ធនាគារពិភពលោកបានបញ្ជាក់ថា បច្ចេកវិទ្យា កំណែទម្រង់ និងកិច្ចសហប្រតិបត្តិការជាមាគ៌ាឆ្ពោះទៅរកវាបុលភាពក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាពេលអនាគតនៅក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានឈ្នះតំបន់ភាគច្រើនលើពិភពលោក ខាងកំណើនសេដ្ឋកិច្ច។ ដើម្បីរក្សាចលនាការនេះបន្តទៅមុខ និងដើម្បីបង្កើតការងារបន្ថែមទៀត ប្រទេសនៅក្នុងតំបន់ត្រូវប្រឹងរុលជម្នះភាពមិនប្រាកដប្រជា និងលៃលកដោះស្រាយបញ្ហាប្រឈមយូរអង្វែងពាក់ព័ន្ធជាមួយការប្រែប្រួលនៅក្នុងចរន្តសមាហរណកម្មសកល, ការប្រែប្រួលអាកាសធាតុ និងនិន្នាការប្រជាសាស្ត្រ។
នៅក្នុងរបាយការណ៍ចុងក្រោយក្រោមចំណងជើងថា 2025 Regional Economic Update ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្លាក់មកនៅត្រឹម ៤ភាគរយ ក្នុងឆ្នាំ២០២៥ ពី ៥ភាគរយ ក្នុងឆ្នាំ២០២៤។ លទ្ធភាព មានកំណើតខ្ពស់ ឬទាបជាង អាស្រ័យមួយផ្នែកលើទស្សនវិស័យទូលំទូលាយនៃកំណើន និងមួយផ្នែកទៀត អាស្រ័យលើថាតើគោលនយោបាយរបស់ប្រទេសនីមួយៗ ឆ្លើយតបដូចម្តេចទៅនឹងភាពមិនប្រាកដប្រជានៅលើសកលលោក។ អត្រាភាពក្រីក្រក្នុងតំបន់នឹងបន្តធ្លាក់ចុះ។ តាមការប៉ាន់ស្មាន ប្រជាជនក្នុងតំបន់ ២៤លាននាក់ ត្រូវបានរំពឹងថានឹងរួចចាកផុតពីភាពក្រីក្ររវាងឆ្នាំ ២០២៤ និង ឆ្នាំ២០២៥។

លោកស្រី ម៉ានូអេលឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងថា៖ “ទន្ទឹមនឹងការប្រឹងរុលជម្នះភាពមិនប្រាកដប្រជាលើសកលលោក ប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានឱ កាសពង្រឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន ដោយចាប់យក និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ, បើកឱកាសអាជីវកម្មថែមទៀតតាមរយៈ កំណែទម្រង់មុះមុត និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។”
ជាមួយគ្នានេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍នូវគោលនយោបាយបីមុខព្រួញព្រមគ្នា។ ទីមួយ ការចាប់យកបច្ចេកវិទ្យាថ្មីៗដែលនឹងអាច បង្កើនផលិតភាព និងបង្កើតការងារថ្មីថែមទៀត ដូចត្រូវបានឃើញកន្លងមកនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ ទីពីរ បន្តកំណែទម្រង់ដើម្បីបង្កើនការប្រកួតប្រជែង ជាពិសេស នៅក្នុងវិស័យសេវាកម្ម ដែលតាមរយៈនេះវាអាចនាំមកនូវកាលានុវត្តភាពសេដ្ឋកិច្ច ថ្មីៗថែមទៀត ដូចមានកន្លងមកនៅប្រទេសវៀតណាម។ ទីបី កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយអាចនឹងជួយបង្កើនភាពធន់ ថែមទៀត៕