គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ បានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

លោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។
គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។

គម្រោងនេះផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការជំរុញកសាងខ្សែច្រវាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន/សហគមន៍។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំនាពេលនេះ គឺ «ធ្វើពិត ពុំមែនសំដែងល្ខោនទេ» ។ ឯកឧត្តមបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។
ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងក្រុមការងារវិស័យពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានលើកឡើង ជាអាទិ៍ ដូចជា តម្រូវការបច្ចេកទេស, ការដោះស្រាយបញ្ហាទីផ្សារ, ការគ្រប់គ្រងប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ, ការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងជាប្រចាំ និងត្រូវរៀបចំបង្កើត និងបង្កើនក្រុមផលិតឱ្យបានច្រើន ដើម្បីធានាភាពជាម្ចាស់របស់សហគមន៍ដែលអាចរស់បានដោយខ្លួនឯងនាពេលអនាគត ហើយនាពេលបន្ទាប់នឹងរៀបចំឱ្យមានការប្រឡងប្រណាំងសហគមន៍ដែលអនុវត្តគម្រោងបានជោគជ័យក្នុងខេត្តកំពង់ធំទៀតផង។

សូមជម្រាបជូនថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នឹងត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន ៧៥ (ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្ម ឬតាមស្ថានភាពជាក់ស្តែង នៅក្នុងបណ្តាស្រុក/ក្រុងទាំង ៩ នៃខេត្តកំពង់ធំ) និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងមានទឹកប្រាក់សរុបប្រមាណជាង ៤០ ម៉ឺនដុល្លារអាមេរិក ដែលគាំទ្រដោយថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន៕

