ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីជំរុញផលិតផលខ្មែរចូលទីផ្សារទំនើប

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធី “ផ្គូផ្គងអាជីវកម្ម ដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ឆ្នាំ២០២៥”។កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ កម្មវិធី “ផ្គូផ្គងអាជីវកម្ម ដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ឆ្នាំ២០២៥” គឺរៀបចំឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្ម តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងផ្សារទំនើប ម៉ាត និង អ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ក្នុងទិសដៅជំរុញ គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសការបញ្ជូនទំនិញទៅដាក់លក់ក្នុងក្នុងផ្សារទំនើប និងម៉ាត។

បន្ថែមពីនេះ លោកក៏បានផ្តល់យោបល់ និងអនុសាសន៍ណែនាំដល់អ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតនូវផលិតផលប្រកបដោយគុណភាព ធានានូវសុវត្ថិភាពប្រើប្រាស់ មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដា និងមានតម្លៃសមរម្យ ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែង ទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។

សូមបញ្ជាក់ថា កម្មវិធីផ្គូផ្គងខាងលើនេះ ក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនចំនួន ៤ រូប មកពី៖១. អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ២. តំណាងផ្សារអ៊ីអន ៣.តំណាងផ្សារជីបម៉ុង និង ៤. តំណាងក្រុមហ៊ុន អ៊ែមផល អាហ្រ្កូ ប្រូដាក់ ខូអិលធីឌី ផ្តោតសំខាន់លើ ការអភិវឌ្ឍជំរុញផលិតផលកម្ពុជា ស្វែងយល់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការនាំយកផលិតផលខ្មែរចូលទៅតាមបណ្តាផ្សារទំនើប និងម៉ាត និងបទពិសោធន៍ស្ដីពីការនាំយកផលិតផលខ្មែរចូលទៅកាន់ផ្សារទំនើប និងម៉ាតនៅកម្ពុជា ដោយមានការតាំងបង្ហាញផលិតផលខ្មែរចម្រុះជាច្រើនមុខផងដែរ។

កម្មវិធីនេះក៏ជាវេទិកាមួយ ផ្តល់ឱកាសជូនអ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនម្ចាស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងការនាំយកផលិតផលខ្មែរដាក់លក់ក្នុងផ្សារទំនើប និងម៉ាត ក្រោមកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្មផងដែរ៕ អត្ថបទ៖ ហ្សាលីន