គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០% ហើយ ។ នេះបើតាមដំណើរទស្សនកិច្ចរបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទៅកាន់ទីតាំងភ្ទាល់ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

លោក ថោ ជេដ្ឋា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា គម្រោងទាំងមូលសម្រេចបានប្រមាណ ៧០%។លោកថា គម្រោងដ៏មានសារសំខាន់នេះ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ។
បន្ថែមពីនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានសក្តានុពលសំខាន់ចំនួន៣ គឺ៖១.ផ្គត់ផ្គង់ទឹកស្រោចស្រពវិស័យកសិកម្ម និងលើពហុវិស័យ២.ផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និង៣.ពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកតាមបណ្តោយដងស្ទឹងសែន។
គម្រោងនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា៕ អត្ថបទ៖ហ្សាលីន

