សម្តេចធិបតីបង្ហើបថាក្រុមហ៊ុនធំមួយកំពុងចរចាប្រើប្រាស់ផែទឹកជ្រៅនៅខេត្តកំពតក្នុងការផលិត ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្រុមហ៊ុនធំមួយកំពុងចរចាដើម្បីប្រើប្រាស់ផែទឹកជ្រៅនៅខេត្តកំពតនៅក្នុងការផលិតផលសំខាន់មួយផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីសម្ពោធផ្លូវជាតិ៣ខ្សែ រួមមាន ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខដោ៤១ តម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាកំពុងសិក្សាធ្វើផែទឹកជ្រៅ និងការវិនិយោគរាប់ពាន់លានដុល្លារដើម្បីបង្កើតអេកូស៊ីស្ទឹមរោងចក្រមួយ ដោយក្រុមហ៊ុនធំមួយកំពុងចរចាដើម្បីប្រើប្រាស់ផែទឹកជ្រៅនៅខេត្តកំពតនៅក្នុងការផលិតផលសំខាន់មួយផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។ ដោយគ្រោងវិនិយោគធំ ខណៈក្រុមហ៊ុននេះបានបើករោងចក្រ២ទៅ៣រួចមកហើយនៅកម្ពុជា ក្នុងទុនជិត១ពាន់លានដុល្លារ រួចហើយ តែគាត់ចង់ពង្រីកធំមួយទៀតនៅកម្ពុជា ដើម្បីធ្វើទាញសក្តានុពលនៅកម្ពុជា។

សម្តេចបន្តថា នេះមិនមែនសន្យាថាមិនមកនោះទេ អ្នកវិនិយោគនេះគឺបានបើករោងចក្រ២ផលិតសម្រាប់នាំទៅអឺរ៉ុប១ពាន់លានដុល្លាររួចទៅហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ សម្តេចធិបតីគ្រាន់តែបង្ហើប​ឱ្យដឹងប៉ុណ្ណោះ​ដោយសម្តេចមិនបានបញ្ជាក់លម្អិតថាជាក្រុមហ៊ុនណាមួយនៅឡើយនោះទេ។

សូមជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែចំនួន ៣០ផ្សេងទៀត និង នៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា៕