ផ្លូវជាតិចំនួន៣ខ្សែទៀត គឺផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតទៅកាន់ខេត្តជាប់សមុទ្រនាភាគនិរតីនៃប្រទេស តម្លៃ ១៨៨លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីសម្ពោធផ្លូវទាំង៣ខ្សែខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ខ្សែផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ។
ក្នុងនោះ សម្តេចថា ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣បាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្ទីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា។

សូមជម្រាបថា ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្ដែង គឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក។ ក្នុងនោះផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្ដាល និងតំបន់ភាគនិរតីរបស់កម្ពុជា។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត, ផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត៕ អត្ថបទ៖ ហ្សាលីន


