ក្នុងកិច្ចប្រជុំចង្អៀតមួយនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលមានការអញ្ជើញចូលរួមពីសម្តេច ពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម ជា សុផារ៉ា អនុប្រធានគណៈកម្មការអន្តរក្រសួង និងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ហើយគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន 14.27% (ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន) ជាវឌ្ឍនភាពគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។