ក្រុមហ៊ុនមួយមានបំណងវិនិយោគនៅកម្ពុជាលើវិស័យយានយន្ត និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្វាយចន្ទី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Infinite Capital Holding Company មានបំណងវិនិយោគលើវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី)​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Infinite Capital Holding Company តាមរយៈជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ទាក់ទងបំណងវិនិយោគលើវិស័យយានយន្ត លោក ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ផងដែរកាលពីខែឧសភា ឆ្នាំ២០២៤ ដែលគោលនយោបាយនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គសនី។

ចំពោះបំណងវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ស្វាយចន្ទី) លោក ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

ទន្ទឹមនឹងនោះ លោកក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោក ចាង ឆាវមីន បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានស្តីពីឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ ដោយទទួលបានព័ត៌មានពិស្តារពាក់ព័ន្ធនឹងវិស័យទាំងពីរនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យទាំងពីរនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ត្រូវបានបង្កើតទ្បើងតាមរយៈគំនិតផ្តួចផ្តើម និងការគាំទ្ររបស់រដ្ឋាភិបាលក្រុងគ័ងចូវ ហើយក្រុមហ៊ុនបានផ្តោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិម្មិត (AI), សឺមីកុងឌុចទ័រ (Semiconductor), ថាមពលថ្មី និងសរសៃការបូន (Carbon Fiber) ជាដើម៕