សហគមន៍កសិកម្ម​តាសីសាមគ្គី ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានតម្លៃជិត ១,៨៩ លានដុល្លារ សម្រាប់សាងសង់ផ្ទះសំណាញ់

សង្គម​ និង​សេដ្ឋកិច្ច

សហគមន៍កសិកម្ម “តាសីសាមគ្គី” នៅស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) មានតម្លៃជិត ១,៨៩ លានដុល្លារ ដើម្បីសាងសង់ផ្ទះសំណាញ់ចំនួន២២៥ខ្នង កែលម្អផ្លូវកសិកម្មប្រវែង៧.៥គីឡូម៉ែត្រ ប្រព័ន្ធធារាសាស្ត្រ និងឧបករណ៍ផ្សេងៗទៀត។ នេះបើយោងតាមគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP បានសង្កត់ធ្ងន់ថា នេះជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន នៅលើទីតាំងដែលសក្តានុពលសម្រាប់វិស័យកសិកម្ម ដោយជឿជាក់ថា បងប្អូនកសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ។

បើតាមគម្រោងខាងលើ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះដែរ ជាដំណាក់កាលទី២ នៃការអនុវត្តផែនការអាជីវកម្ម តាមរយៈការសាងសង់ផ្ទះសំណាញ់ចំនួន៥០ សម្រាប់ផលិតកម្មបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ដែលជាមធ្យមកសិករអាចផលិតបាន ៣៧ តោនក្នុង១វដ្តរដូវ ឬ ២៣០ តោនក្នុងមួយឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យម ២៩. 0៥0 ដុល្លារ ក្នុងមួយវដ្តរដូវប្រមូលផល ឬ ១៦៩. ៨២0 ដុល្លារក្នុងមួយឆ្នាំសម្រាប់កម្រិតសមាជិកកម្នាក់ៗ។

សម្រាប់កម្រិតក្រុមផលិតវិញ កិច្ចព្រមព្រៀងនឹងផ្តល់ផ្ទះសំណាញ់ចំនួន ១៧៥ខ្នង សម្រាប់ផលិតផលបន្លែសុវត្ថិភាពដូចគ្នា ជាមធ្យមអាចផលិតបាន ១៣០ តោនក្នុង១វដ្តរដូវប្រមូលផល ឬ ៨១៨ តោនក្នុងមួយឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យម ៧៧ ៤៨៦ ដុល្លារ ក្នុងមួយវដ្តរដូវ ឬ ៤៥៨ ២៣0 ដុល្លារ ក្នុង១ឆ្នាំសម្រាប់លក់ឱ្យសហគមន៍កសិកម្ម។
លើសពីនេះ គម្រោង CASDP នឹងផ្តល់ការគាំទ្រ១០០% សម្រាប់ការកែលម្អផ្លូវកសិកម្ម ដែលមានប្រវែង ៧,៤៥ គីឡូម៉ែត្រ ដោយចំណាយថវិកាសរុប ៨៥៨.៤៨៣ ដុល្លារអាមេរិក និងប្រព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន តាមរយៈការស្តារបឹងមួយកន្លែងដោយ ចំណាយថវិកាសរុប ៧៦១.០០០ ដុល្លារ៕