ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដាក់ឱ្យអនុវត្ត គម្រោងមួយដែលមានទឹកប្រាក់ ១០លានដុល្លារអាមេរិក សម្រាប់អនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩ ដើម្បីបន្តគាំទ្រដល់ការពង្រីកនិងពន្លឿនការធ្វើស្ថាប័នូបនីយកម្មនៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅកម្ពុជា។

បច្ចុប្បន្នកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលបានផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩០,០០០នាក់នៅតាមសាលាបឋមសិក្សាចំនួន៦៨៦សាលា។ ការវិនិយោគបន្ថែមថ្មីពីសាធារណរដ្ឋកូរ៉េក្នុងដំណាក់កាលទី២នាពេលនេះគឺជាការកសាងបន្ថែមលើសមិទ្ធផលកន្លងមកកាលពីដំណាក់កាលទី១ (២០២០-២០២៤) និងអនុញ្ញាតឱ្យក្រសួងអប់រំ យុវជននិងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក អាចផ្តល់អាហារក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមតេ្តយ្យសិក្សា និង បឋមសិក្សាចំនួន ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា ដែលសាលារៀនទាំងនេះនឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលទៅតាមដំណាក់កាលជាបន្តបន្ទាប់រហូតអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៨។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀននេះមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់កុមារប៉ុណ្ណោះទេ គឺថែមទាំងជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំមានភាពធន់ជាងមុននិងបានរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង”។

