អ្នកនាំពាក្យ៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការការងាររលូន និងស្របតាមការគ្រោងទុក

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ និងឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបន្តថា បច្ចុប្បន្ន ក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងបាននិងកំពុងបញ្ចប់នីតិវិធីនៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ជាក់ស្តែងជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំងអស់តាមយន្តការនិងនីតិវិធីដែលមានជាធរមាន។

ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីននិងយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះដើម្បីអាចចាប់ផ្តើមការងារជីកស្តារនិងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។

ស្របពេលជាមួយគ្នានេះដែរ លោកថា ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ ផលិតផែនទីភូមិសាស្រ្ត3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X និងដ្រូន DJI M350 ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយទើបត្រូវបានបំពាក់បន្ថែម ដើម្បីបញ្ចប់កិច្ចការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ជារួម គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល ៥៥ ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ(BM)សរុបបានចំនួន ៤០ ទីតាំង និងបានបញ្ចប់ការថតយករូបភាពពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការថតយករូបភាពពីលើអាកាសដោយប្រើប្រាស់ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និងផលិតផែនទីភូមិសាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។

គួរបញ្ជាក់ថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះមានប្រវែងជាង ១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅមក និងជៀសសគ្នាបានដោយសុវត្ថិភាព។

គម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។គម្រោងនេះបានបន្តយកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅអនាគតដ៏យូរអង្វែងបន្តទៀត។

គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត។ គម្រោងនេះ ត្រូវបានរំពឹងទុកថានឹងត្រូវបញ្ចប់សាងសង់ នៅឆ្នាំ២០២៨ខាងមុខ៕ អត្ថបទ៖ ហ្សាលីន