ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI នៃសាធារណរដ្ឋកូរ៉េ បានសម្រេចចុះអនុស្សរណៈរួមគ្នា ដើម្បីសហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា អនុស្សរណៈនេះ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លូវការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍”នៅក្នុងប្រទេសកម្ពុជា។អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានភាគីទាំងពីរ បានចុះកាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។”

សូមរម្លឹកដែរថា វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក»។ នេះបើតាមប្រសាសន៍ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ហ្សាលីន
