លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាធុរកិច្ច និងវិនិយោគ ចិន-កម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

វេទិកាធុរកិច្ច និងវិនិយោគ ចិន-កម្ពុជា គឺមានការអញ្ញើញចូលរួមពីសំណាក់ វាគ្មិនកិត្តិយសដែលមកពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងពាណិជ្ជកម្ម តំណាងCDC តំណាងសមាគមឧកញ៉ាកម្ពុជា ស្ថាប័នរដ្ឋ,ឯកជន វិនិយោគិនជាតិ-អន្តរជាតិជាដើម។
វេទិកានេះរៀបចំឡើងដោយ សមាគមទេសចរណ៍កម្ពុជា(CATA) ក្រុមហ៊ុន វេស្ត ស៊ី ធូរីហ្សឹមសឺវីស (ខេមបូឌា)ឯ.ក (West Sea Tourism Services Cambodia Co. Ltd.) សហការជាមួយសមាគមធុរកិច្ចចិននៅបរទេសខេត្តហ៊ូណាន នៅកម្ពុជា។

សូមជម្រាបដែរថា តាមរយៈវេទិការធុរកិច្ច និងវិនិយោគ ចិន-កម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំសមាគមទេសចរណ៍កម្ពុជា ធ្លាប់បានបង្ហាញការជឿជាក់ថា វេទិកានេះនឹងក្លាយជាឱកាសជំរុញកំណើនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
ជាក់ស្តែង កាលថ្លែងបើកវេទិកាខាងលើនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុក វេទិកាដ៏សំខាន់នេះមិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនចិន និងកម្ពុជា បានសិក្សាស្វែងយល់ពីគោលនយោបាយ សេដ្ឋកិច្ច និងឱកាសនៃការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបើកឱកាសឱ្យកម្ពុជា បានបង្ហាញ និងផ្សព្វផ្សាយកាន់តែទលំទូលាយដល់បណ្តាវិនិយោគិន និងភ្ញៀវទេសចរនៅបណ្តាប្រទេសនានាថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព បរិយាកាសអំណោយផល និងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគផង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងថា ក្នុងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង១លាន៨សែននាក់ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទេសចរជនជាតិចិន មានចំនួនជាង២៨ម៉ឺននាក់ កើនឡើងជាង៥០%។ ក្រសួងទេសចរណ៍ បានព្យាករថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី៧,២លាននាក់ ទៅដល់ប្រមាណ៧,៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ ក្នុងនោះទេសចរចិន រំពឹងទទួលបានប្រមាណ១,១លាននាក់៕ អត្ថបទ៖ ហ្សាលីន

