ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកាអង្គការវិជ្ជាជីវៈថ្មីចំនួន ៨៩ ដែលបានធ្វើឱ្យអង្គការវិជ្ជាជីវៈឡើងដល់សរុបចំនួន ៦ ៦០០ អង្គការ។

នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចធិបតី បានឱ្យដឹងថា រដ្ឋាភិបាល បានបន្តខិតខំលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងបទដ្ឋានអន្តរជាតិខាងការងារ។
ជាក់ស្តែងសម្តេចថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកាអង្គការ វិជ្ជាជីវៈថ្មីចំនួន ៨៩ ដែលបានធ្វើឱ្យអង្គការវិជ្ជាជីវៈឡើងដល់សរុបចំនួន ៦ ៦០០ ក្នុងនោះ សហភាពសហជីព ចំនួន ៤២ សហព័ន្ធសហជីពចំនួន ២៨១ សហជីពមូលដ្ឋានចំនួន ៦ ២៦៥ និងសមាគមនិយោជកចំនួន ១២។
នៅក្នុងសារលិខិតខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃ របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ៖ ហ្សាលីន