ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើលិខិតមួយច្បាប់ ទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានីខេត្ត ដោយស្នើសុំការអនុវត្ត៤ចំណុចដើម្បីចៀសវាងបញ្ហាជាន់ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
១៖ រាល់ការអង្កេតវាស់វែងសុរិយោដីនៃក្បាលដី ត្រូវអនុវត្ត និងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា ២២៩ និងមាត្រា២៣៥ នៃច្បាប់ភូមិបាល។
២៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ចុះវាស់វែង កំណត់និយាមកា និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋាន ទិន្នន័យសុរិយោដី។
៣៖ រាល់ទិន្នន័យវាស់វែងក្បាលដី ក្នុងគោលដៅស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអង្គភាពគ្រប់គ្រងប្រព័ន្ធមូលដ្ឋានទិន្នន័យ សុរិយោដីទូទាំងប្រទេស ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ជាមុន។
៤៖ រាល់ការជួលដីឯកជនរបស់រដ្ឋ ត្រូវធ្វើការចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុន៕