ស្ពានឆ្លងកាត់ទន្លេបាសាក់សង់បានជិត ៣៤ % ក្រោយបើកការដ្ឋានបាន ១៣ ខែ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកទល់ពេលនេះ មានរយៈពេល១៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន  ៣៣,៥០ % ខណៈមិនមានការយឺតយ៉ាវជាងផែនការដែលគ្រោងទុកនោះទេ។នេះបើយោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការបន្តថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣,៥០ % ហើយ។បច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើត សម្រេចបាន២ផ្នែកសំខាន់ រួមមាន៖

១.ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ ៥៥% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន ១០៧ដើម (ក្នុងចំណោម ១៥៦ដើម) សាងសង់ជើងតាងបាន ៦ជើងតាង (ក្នុងចំណោម ២០ជើងតាង) និងធ្នឹមភ្ជាប់ក្រោមបានចំនួន ៨ធ្នឹម (ក្នុងចំណោម ១២ធ្នឹម)។ និង ២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១,៥% រួមមានសាងសង់តួសរសរស្ពានបាន ៦តួសរសរ (ក្នុងចំណោម ១២តួសរសរ) សាងសង់សរសេរស្ពានបាន ១៦សរសរស្ពាន (ក្នុងចំណោម ៥២សរសេរស្ពាន) និងសាងសង់ធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានបាន ១០ធ្នឹម (ក្នុងចំណោម ៣៤ធ្នឹម) ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

សូមជម្រាបថា គម្រោងស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ជាមួយគ្នានេះ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១៣ខែហើយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ៕ អត្ថបទ៖ ហ្សាលីន