ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សង់បានជិត ១០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សាងសង់សម្រេចបាន ៨,៤០% ហើយ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាលនេះ ជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង ៧០% នៃប្រវែងសរុប ៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

ក្នុងពេលដែលការងារនៅការដ្ឋានកាន់តែមមាញឹក ក្រសួងសាធារណការ ក៏បានស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ យកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។

សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ បានប្រកាសបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពាននេះ ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣ ៧០០ម៉ែត្រ ក្នុងនោះតួស្ពានមានប្រវែងសរុប១ ៦០០ម៉ែត្រនិងទទឹង២៦ម៉ែត្រ (៤ គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់៤៨ខែ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕អត្ថបទ៖ហ្សាលីន