ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចបានជាង ៩៥ ភាគរយ អាចដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ។
ការតភ្ជាប់តំណស្ពានទាំងសងខាងបានរួចរាល់ទាំងស្រុង នៅតែរៀបបង្កាន់ដៃស្ពាននិងអ៊ុតកៅស៊ូបន្ថែមតែប៉ុណ្ណោះ។ នេះបើតាមប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម លោក សុខ ស៊្រុន។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ជាប្រភេទស្ពានបេតុងអារម៉េ ភ្ជាប់ពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ខេត្តកំពង់ចាមមានស្ពានឆ្លងទន្លេដល់ទៅ ៣ ក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលនឹងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ។ ស្ពានគីហ្សូណា បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០០១ និងស្ពានកោះប៉ែន ដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៨៕