ក្រសួងការបរទេស ចេញសេចក្ដីថ្លែងការណ៍ទៅពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចេញសេចក្ដីថ្លែងការណ៍ចំនួន ៣ចំណុច ទៅបុគ្គលឈ្មោះ ឯក សុវត្ថី ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១.​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សូមសម្តែងការខកចិត្ត និងសោកស្ដាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថី ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ដែលបានផ្ញើលិខិតជូន​រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី​ ដោយចោទប្រកាន់ទាំង​គ្មានមូលដ្ឋាន​អំពីការនាំអង្ករ​កម្ពុជាទៅប្រទេសអូស្ដ្រាលីថា មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងគោលបំណងទុច្ចរិត ដើម្បីរារាំងការនាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ត្រាលី។

២.​ដើម្បីការពារផល​ប្រយោ​ជន៍​របស់​ប្រជា​កសិករខ្មែរ និង​កេរ្តិ៍​ឈ្មោះ​​អង្ករកម្ពុជា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បាន​ខិតខំធ្វើការសហការយ៉ាង​ជិតស្និទ្ធ និងបកស្រាយបំភ្លឺយ៉ាងសកម្ម ជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី ជុំវិញការចោទប្រកាន់របស់បុគ្គលអគតិខាងលើ។ ​ជាលទ្ធផល ភាគីអូស្ត្រាលីបានឆ្លើយបញ្ជាក់ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី ​បានរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះ ឯក សុវត្ថី គឺជាការចោទប្រកាន់​ដែលគ្មានភស្តុតាង​ និងមិនអាចយកជាការបាន។

៣.​អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោស​ជនអគតិទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរ​តាមរយៈទង្វើទុច្ចរិត និង​មួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម និងសូមគូសបញ្ជាក់ជូនសាធារណជន​សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់​ចំពោះប្រជាកសិករ​ខ្មែរ និងកសិផលកម្ពុជា ជាពិសេសអង្ករ តាម​រយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្រទេសអូស្ត្រាលីផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដាំដុះ ការធានាគុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដែលមានស្រាប់ និងស្វែងរកបន្ថែមនូវ​ទីផ្សារថ្មី​សម្រាប់ការនាំចេញអង្ករ និងកសិផលនានារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងតម្លៃ​សមរម្យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរឱ្យកាន់​តែល្អ​ប្រសើរ៕